សិក្ខាសាលាស្ដីអំពី Artificial Intelligence And Internet Of Things និង ពិធីបើកវគ្គ IT Profession Training

នាថ្ងៃសុក្រ ១១ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សហការជាមួយអង្គការមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា(CIESF) ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងទីភ្នាក់ងារ JICA បានរៀបចំសិក្ខាសាលាស្ដីអំពី Artificial Intelligence and Internet of Things និងបើកវគ្គ IT Profession Training នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត សេង សុភាព​ ប្រធានវិទ្យាស្ថានជាតិ​ NIPTICT , តំណាងស្ថានទូតជប៉ុន, តំណាងទីភ្នាក់ងារ JICA ដោយមានការចូលរួមពីមន្ត្រីរាជការបណ្ដាក្រសួងនានា សាស្រ្តាចារ្យ និងនិស្សិត មកពីសាកលវិទ្យាល័យ/វិទ្យាស្ថាន ប្រមាណជា ១៥០ នាក់ ។

កម្មវិធីសិក្ខានេះ ផ្ដោតសំខាន់ទៅលើ ចំណេះដឹងអំពីនិន្នាការបច្ចេកវិទ្យាថ្មីៗ ដែលឈានទៅកាន់ការអភិវឌ្ឍ និងបំពាក់នូវបច្ចេកវិទ្យា AI និង IoT និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈព័ត៌មានវិទ្យា។ សិក្ខាសាលា​និងវគ្គបណ្តុះបណ្តាលនេះ​ ជាសកម្មភាពមួយក្នុងការអនុវត្តន៍គម្រោង «អភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការពង្រឹង សមត្ថភាពផ្នែកមូលដ្ឋានគ្រឹះ និងជំនាញបច្ចេកវិទ្យាសម្រាប់ ការរីកចម្រើនសេដ្ឋកិច្ចនៅមូលដ្ឋាន» ។

 

គម្រោងនេះមានគោលបំណងលើកកម្ពស់ឱកាសការងារនៅតាមតំបន់សេដ្ឋកិច្ចពិសេស ហើយចុងក្រោយយើងនឹងបង្កើតប្រព័ន្ធវាយតម្លៃកម្រិតយល់ដឹងរបស់វិស្វករបច្ចេកវិទ្យាតាមរយៈការប្រលង ។​​ ម៉្យាងទៀត ការបង្កើតឱកាសការងារសម្រាប់ជនក្រីក្រ ក៏អាចសម្រេចបាន តាមរយៈការលើកកម្ពស់ការបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មានវិទ្យា នៅតាមបណ្តាខេត្តដែលពាក់ព័ន្ធ។ គម្រោងនេះ មានរយៈពេល ៤៨ ខែ ចាប់ពីឆ្នាំខែតុលា​ ២០១៧ ដល់ខែកញ្ញា ឆ្នាំ២០២១ដោយមានសកម្មភាពចម្បងដូចជា៖​បណ្តុះបណ្តាលគ្រូបង្គោល បណ្តុះបណ្តាលមន្ត្រីរាជការ និងសាធារណៈជន សិក្ខាសាលាផ្សព្វផ្សាយ និងការផ្គូរផ្គងជំនាញ ជាមួយនិងការងារ​ ។