វគ្គបណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់ (Digital Skill Essential) ដល់មន្ត្រីរាជការ នៃខេត្តសៀមរាប

វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សហការជាមួយមន្ទីរប្រៃសណីយ៍និងទូរគមានគមន៍ បានរៀបចំណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់ (Digital Skill Essential) ជូនដល់មន្ត្រីរាជការ នៅតាមមន្ទីរនានា នៅក្នុងរដ្ឋបាលខេត្តសៀមរាប ដែលមានរយៈពេល មួយសប្ដាហ៍ពេញ គិតចាប់ពីថ្ងៃទី២៨ កញ្ញា ដល់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងសំខាន់ផ្ដល់ការពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីការដើម្បីឆ្លើយតបនិងតម្រូវការការងារប្រចាំថ្ងៃ និងចូលរួមចំណែកជំរុញការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅក្នុងការអភិវឌ្ឍធនធានមនុស្ស ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២០។

លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអភិបាល នៃគណអភិបាលខេត្តសៀមរាប មានប្រសាសន៍ថា បច្ចុប្បន្ននេះ ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍និងពត៌មាន ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយជាសកល ដូច្នេះការពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីការក្នុងការកាត់បន្ថយកម្លាតឌីជីថលនេះ គឺជំរុញការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅក្នុងការអភិវឌ្ឍធនធានមនុស្ស ព្រោះថាមន្ត្រីរាជការគ្រប់រូបត្រូវតែចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងពត៌មាន ដើម្បីគ្រប់គ្រង បញ្ជូន និងទទួលទិន្នន័យ ឬពត៌មាន ពីគ្រប់ទិសទី ដើម្បីវាយតម្លៃនិងដោះស្រាយឱ្យទាន់ពេលវេលា ជាពិសេសការធ្វើសេចក្តីសម្រេចនានាឱ្យបានត្រឹមត្រូវផងដែរ ។

សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ អញ្ជើញមកពី ១២ មន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប។ ក្នុងឱកាសនោះដែរ លោកស្រី យូ សុភា និង លោក ហ៊ាន សំបឿន អនុប្រធានវិទ្យាស្ថាន តំណាង ឯកឧត្ដម សេង សុភាព ប្រធានវិទ្យាស្ថានជាតិនីបទិក បានផ្ដល់ជាកិត្តិយស ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្រដល់ សិក្ខាកាមចំនួន ២៩នាក់។