វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សហការជាមួយមន្ទីរប្រៃសណីយ៍និងទូរគមានគមន៍ បានរៀបចំណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់ (Digital Skill Essential) ជូនដល់មន្ត្រីរាជការ នៅតាមមន្ទីរនានា នៅក្នុងរដ្ឋបាលខេត្តពោធិ៍សាត់ ដែលមានរយៈពេល មួយសប្ដាហ៍ពេញ គិតចាប់ពីថ្ងៃទី០៧ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។













វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងសំខាន់ផ្ដល់ការពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីការដើម្បីឆ្លើយតបនិងតម្រូវការការងារប្រចាំថ្ងៃ និងចូលរួមចំណែកជំរុញការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅក្នុងការអភិវឌ្ឍធនធានមនុស្ស ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២០។
សិក្ខាមកាមដែលចូលរួមវគ្គបណ្ដុះបណ្ដាលនេះ នឹងទទួលបានចំណេះដឹងដូចជា ៖
- មូលដ្ឋានអំពីកុំព្យូរទ័រ (ផ្នែកទន់ ផ្នែងរឹង ការគ្រប់គ្រងឯកសារ បណ្ដាញ សុវត្ថិភាពកុំព្យូរទ័រ)
- កម្មវិធីសម្រាប់កិច្ចការរដ្ឋបាល (កម្មវិធីអត្ថបទ បញ្ជីគណនេយ្យ និងការធ្វើបទបង្ហាញ)
- អក្ខរកម្មព័ត៌មាននិងទិន្នន័យ សុវត្ថិភាពប្រព័ន្ធព័ត៌មាន និងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- និន្នាការបច្ចេកវិទ្យាសម្រាប់សេដ្ឋកិច្ចឌីជីថល (ពាណិជ្ជកម្មអេឡិចត្រូនិច សេវាកម្មហិរញ្ញវត្ថុឌីជីថល
e-Society) - ICT សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (ICT នៅក្នុងការចូលរួមចំណែកដល់ការសំរេចគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព និងនិន្នាការអភិវឌ្ឍន៍ និងការប្រើប្រាស់ ICT នាពេលអនាគត)
វគ្គបណ្ដុះបណ្ដាលបានបញ្ចប់ដោយជោគជ័យ ដោយមានសិក្ខាចូលរួមសរុប ២៧ នាក់ ស្រី១១ នាក់ មកពីអង្គភាព មន្ទីរនានាចំនួន ១៦ ចំណុះឱ្យរដ្ឋបាលខេត្តពោធិ៍សាត់។ ពីធីប្រគល់វិញ្ញាបនបត្រ និងបិទវគ្គបណ្តុះបណ្តាល បានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្ដម ចេង ឡៃ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ហ៊ាន សំបឿន អនុប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន(NIPTICT) តំណាង ឯកឧត្ដម សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT។